សាំងអ្នកមាន និងសាំងអ្នកក្រ
ដោយសារតែប៉ុន្មានថ្ងៃនេះឃើញមានការពិភាក្សាគ្នាទ្រង់ទ្រាយធំនៅលើបន្តាញសង្គមហ្វេសប៊ុក រវាងសាំងអ្នកមាន និងសាំងអ្នកក្រ។ ហើយក្នុងនោះក៏មានការបាញ់បោះពាក្សសំដី (ដែលគេហៅថា ត្រូល Troll) ទៅលើលោករដ្ឋមន្ត្រីមិនសំចៃផងដែរ។ ហើយក្នុងនោះក៏មានអ្នកវែកញែកពីភាពខុសគ្នារវាងសាំងអ្នកមាន និងសាំងអ្នកក្រនេះផងដែរ ដែលធ្វើអោយមានការភាន់ច្រលំផងដែរ ដែលមតិខ្លះថាសាំងអ្នកមាន ឬសាំងស៊ុបពែ នេះគឺសម្រាប់ម៉ាស៊ីនយានយន្តចាស់ដែលត្រូវការចំហេះខ្លាំង ឯសាំងអ្នកក្រ(សាំងធម្មតា) សម្រាប់ម៉ាស៊ីនយានយន្តដែលនៅថ្មីៗជាដើម។
សំនួរសួរថាតើអ្វីទៅជាសាំងអ្នកមាន ឬសាំងស៊ុបពែរ?
ភាពខុសគ្នាចំបងរវាងសាំងស៊ុបពែ និងសាំងធម្មតានោះគឺភាពខុសគ្នានៃចំនួនធាតុអុកតាន នៅក្នុងប្រេងសាំង ការបង្កើតប្រេងសាំងដែលមានកំរិតអុកតានច្រើនត្រូវការចំនាយច្រើន។ គុណសម្បត្តិក្នុងការប្រើប្រាស់ប្រេងសាំងដែលមានកំរិតអុកតានច្រើននោះមានដូចជា ធ្វើអោយម៉ាស៊ីនយានយន្តមានដំណើរការប្រសើរជាង និងធ្វើអោយយានយន្តស៊ីសាំងតិច(សន្សំសំចៃប្រេងសាំង)។ បើសិនជានិយាយពីការសន្សំសំចៃប្រេងសាំងវិញវាមិនមានភាពខុសគ្នាណាស់ណាដែលធ្វើអោយអ្នកចាប់អារម្មណ៍បានឡើយ គឺវាអាស្រ័យទៅលើអាកប្បកិរយារបស់អ្នកក្នុងការបើកបរយានយន្ត (បើសិនជាអ្នកជាន់ហ្គែរ កប់ៗកុំសង្ឃឹមថាវាជួយសន្សំសំចៃប្រេងនោះ) និងមួយទៀតគឺអាស្រ័យទៅលើយានយន្តដែលអ្នកបើកបរផងដែរ (បើយើងជិះ Lamborghini វាក៏មិនអាចស៊ីសាំងស្មើរប៉ាឡែននោះដែរពែលដែលអ្នកចាក់សាំងស៊ុបពែរ។
បើនិយាយពីការធ្វើអោយយានយន្តអ្នកប្រសើរឡើងនៅពេលដែលអ្នកចាក់សាំងសុបពែរ ប្រហែលជាអ្នកអាចចាប់អារម្មណ៍ដឹងបាន គឺយានយន្តអ្នកនឹងមានសន្ទុះជាងមុន មានកំលាំងខ្លាំង និងដំណើរការរលូន ស្ងាត់ល្អនៅពេលដែលអ្នកធ្វើដំណើរ។
គុណសម្បត្តិមួយទៀតនៃប្រេងសាំងដែលមានកំរិតអុកតានច្រើនគឺជួយកាត់បន្ថយការកើតមានបន្ទុះមិនប្រក្រតីនៅក្នុងម៉ាស៊ីន (Engine Knocking) ដែលកើតឡើងដោយសារប្រេងសាំងឆេះមិនទៀងទាត់ ដែលអាចធ្វើអោយគ្រឿងម៉ាស៊ីនអ្នកខូចខាតផងដែរ។ មួយវិញទៀតប្រេងសាំងស៊ុបពែរត្រូវបានគេអភិវឌ្ឍបន្ថែមដែលធ្វើអោយគ្រឿងខាងក្នុងម៉ាស៊ីនយានយន្តអ្នកស្អាតល្អ ដែលធ្វើអោយអាយុកាលនៃការប្រើប្រាស់យានយន្តអ្នកបានយូរ។
នៅលើគម្របសន្ទះសាំងនៃយានយន្តខ្លះ គេបានដាក់កំណត់សំគាល់អំពីកំរិតអុកតាននៅក្នុងប្រេងសាំងដែលយានយន្តអ្នកត្រូវការ។ កំរិតទាំងនោះអាចមានជាលេខ ៩៥ ឬ ៩៨។ អ្នកគួរតែចងចាំវាជានិច្ចផងដែរលេខ ៩៥ គឺជាកំរិតអុកតានដែលមាននៅក្នុងប្រេងសាំងធម្មតា ខណៈដែលលេខ ៩៨ សម្រាប់សាំងស៊ុបពែរ។ បើសិនជាយានយន្តអ្នកមានឃើញលេខ ៩៨ នោះមានន័យថាយានយន្តនោះគួរតែប្រើប្រាស់តែសាំងស៊ុបពែរដើម្បីអោយវាដំណើរការត្រឹមត្រូវ។ នៅតាមស្ថានីយ៍ប្រេងឥន្ធនៈក្នុងស្រុកយើងមួយចំនួនក៏បានដាក់លេខសំគាល់ទាំងនេះនៅលើទូរចាក់ប្រេងផងដែរ បើតាមការសង្កេតឃើញមួយចំនួនក៏ឃើញមានស្ថានីយ៍ខ្លះដាក់លេខ ៩៥ ថាសាំងស៊ុបពែរ ដែលធាតុពិតវាមិនមានជាសាំងស៊ុបពែរនោះទេ។
តើអ្នកគួរតែប្រើប្រាស់សាំងស៊ុបពែរដែរ ឬទេ? 
ការជ្រើសរើសយកប្រេងស៊ុបពែរមកប្រើប្រាស់តែងតែជាជម្រើសល្អបំផុតសម្រាប់ម៉ាស៊ីនយានយន្ត ដែលមានថាមពលខ្លាំងៗ ដែលវាកាន់តែធ្វើអោយយានយន្តនោះមានថាមពលខ្លាំង និងកាន់បន្តយការមានបន្ទុះមិនប្រក្រតីនៅក្នុងម៉ាស៊ីន ជាពិសេសបើសិនជាយានយន្តនោះមានប្រើប្រាស់ប្រភេទម៉ាស៊ីណ Turbocharger ឬ Supercharger។ មួយវិញទៀតគេរចនាម៉ាស៊ីនយានយន្តដែលមានកំលាំងខ្លាំងទាំងនោះមកគឺដើម្បីប្រើប្រាស់ជាមួយប្រេងសាំងស៊ុបពែរផងដែរ។
ដូចឆ្នេះបើសិនជាអ្នកមានរថយន្តស្ព័រ ឬម៉ូតូធំដែលត្រូវការថាមពលខ្លះការជ្រើសរើសសាំងស៊ុបពែរយកមកប្រើប្រាស់គឺជារឿងដែលត្រឹមត្រូវបំផុត ព្រោះវាអនុញ្ញាតអោយម៉ាស៊ីនយានយន្តអ្នកដំណើរការដោយអស់សមត្ថភាព និងសន្សំសំចៃប្រេងផងដែរ។
បើសិនជាអ្នកប្រើប្រាស់យានយន្តតូចៗដែលមានកំលាំងម៉ាស៊ីនតូចសម្រាប់បើកបរទៅមកក្នុងក្រុងជាដើម ការប្រើប្រាស់ប្រេងស៊ុបពែរគ្មានគុណសម្បត្តិអ្វីលើសប្រេងសាំងធម្មតានោះទេ។ ឡានគ្រួសារធម្មតា មិនអាចក្លាយជាឡានស្ព័រនៅពេលដែលអ្នកចាក់សាំងស៊ុបពែរនោះដែរ។
បើសិនជាអ្នកតែងតែប្រើប្រាស់ប្រេងសាំងធម្មតា អ្នកគួរតែសាកមកប្រើប្រាស់ប្រេងសាំងស៊ុបពែរអោយបានម្តងដែរដើម្បីស្វែងយល់ពីភាពខុសគ្នារបស់ម៉ាស៊ីនយានយន្តអ្នក ពេលប្រើប្រាស់ប្រភេទនៃប្រេងសាំងទាំងពីរនេះ ដែលអាចធ្វើអោយអ្នកងាយស្រួលសម្រេចចិត្តថា តើការចំនាយបន្ថែមទៅលើប្រេងសាំងស៊ុបពែរនេះបានផ្តល់ភាពប្រសើរឡើងទៅអោយម៉ាស៊ីនយានយន្តរបស់លោកអ្នកដែរឬទេ?
សូមអរគុណ!!

បញ្ចេញមតិយោបល់