ទឹកដីនៃព្រះអាទិត្យកណ្តាលរាត្រី
ព្រះអាទិត្យអស្តង្គតនៅម៉ោង១២យប់
គ្រាន់តែស្តាប់ចំណងជើងក៏អ្នកប្រហែលជាចំលែកចិត្តដែរមើលទៅ ព្រោះវាមិនដែលព្រះអាទិត្យឯណាលិចនៅម៉ោង១២យប់នោះទេ។ ប៉ុន្តែបើសិនជាអ្នកចូលចិត្តខាងផែនដីវិទ្យាវិញនោះ ប្រហែលជាធ្លាប់បានដឹងខ្លះហើយពីបាតុភូតទាំងនេះ។ ប្រាកដណាស់នៅតំបន់មួយចំនួននៅលើពិភពលោកព្រះអាទិត្យពិតជាលិចនៅម៉ោង ១២យប់ពិតមែន ឬមួយក៏មិនលិចសោះក៏មាន ហើយមានតំបន់ចំនួនពីរនៅលើពិភពលោកដែលមានព្រះអាទិត្យរះ ៦ខែពេញ ហើយព្រះអាទិត្យលេច ៦ខែពេញតែម្តង។ ដូចនេះបើសិនជាចង់ជ្រាប់ច្បាស់សូមតាមដានអានទាំងអស់គ្នា។
![]()  | 
| ទិដ្ឋភាពនាពេលរាត្រីក្នុងប្រទេស ណរវ៉េ | 
ព្រះអាទិត្យកណ្តាលរាត្រី ឬភាសាអង់គ្លេស midnight sun គឺជាបាតុភូតធម្មជាតិមួយដែលតែងតែកើតឡើងនៅនិទាឃរដូវ (summer) ឬរដូវក្តៅក្នុងតំបន់ដែលស្ថិតនៅខាងជើងនៃខ្សែរបន្ទាត់ អាក់ទិច ឬខាងត្បូងខ្សែបន្ទាត់អង់តាក់ទិច។ នៅកំឡុង summer solstice (ចុចទីនេះដើម្បីអានអំពី solstice - summer solstice គឺជាថ្ងៃដែលប៉ូលខាងជើង ឬប៉ូលខាងត្បូងផ្អៀងទៅរកព្រះ អាទិត្យខ្លាំងបំផុត ដែលភាគច្រើនចំថ្ងៃ ២១ មិថុនាសម្រាប់អឌ្ឍគោលខាងជើង និងចំថ្ងៃ ២២ ធ្នូ សម្រាប់អ្នករស់នៅអឌ្ឍគោលខាងត្បូង) អ្នករស់នៅចំខ្សែបន្ទាត់នៃតំបន់ប៉ូលទាំងពីរអាចមើលឃើញព្រះអាទិត្យ ២៤ម៉ោងពេញតែម្តង ពោលគឺមេឃមានសភាពស្រទុំទោះបីជាពេលយប់ក៏ដោយ ក៏ដោយសារតែព្រះអាទិត្យហ្នឹងមិនលិចទៅណានោះទេគឺ នៅទើរត្រឹមជើងមេឃតែម្តង។ អ្នកដែលស្ថិតនៅក្រៅបន្ទាត់អាក់ទិច ឬបន្ទាត់អង់តាក់ទិចប្រហែល ៩០គីឡូម៉ែត្រក៏អាចទទួលបានបាតុភូតព្រះអាទិត្យកណ្តាលរាត្រីនេះដែរ។
ដោយសារតែមិនមានប្រជាជនរស់នៅតំបន់អង់តាក់ទិច ក្រៅពីក្រុមអ្នកស្រាវជ្រាវ ឬអជ្ញាធរដូចនេះមិនសូវមានមនុស្សបានទទួលបទពិសោធន៏នៃព្រះអាទិត្យកណ្តាលរាត្រី ដូចតំបន់អាក់ទិចឡើយដែលមានប្រទេសជាច្រើនដូចជា ប្រទេសកាណាដា ភាគខាងជើង តំបន់ Greenland, Iceland ប្រទេសហ្វាំងឡង់ ប្រទេសណរវ៉េ ដាណឺម៉ាក់ ស៊ុយអ៊ែត រុស្សី និងរដ្ឋអាឡាស្ការ នៃសហរដ្ឋអាមេរិក។ មួយភាគបួននៃប្រទេសហ្វាំងឡង់ស្ថិតនៅក្នុងខ្សែបន្ទាត់ប៉ូលខាងជើង ហើយអ្នកនៅខាងជើងបំផុតនៃប្រទេសនេះនឹងឃើញព្រះអាទិត្យមិនលិច ៦០ថ្ងៃពេញតែម្តង។ ចំនែកឯប្រទេសណរវ៉េ និងអ្នកដែលរស់នៅភាគខាងជើងនៃប្រទេសដែលស្ថិតនៅទ្វីបអឺរ៉ុបវិញ ពួកគេនឹងឃើញថ្ងៃលេងលិច ប្រហែលជាថ្ងៃ ១៩មេសា ដល់ថ្ងៃ ២៣ សីហា។ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺអ្នកដែលរស់នៅតំបន់ប៉ូលតែម្តង ដែលព្រះអាទិត្យរះ ៦ខែពេញតែម្តង។ ប៉ូលខាងជើងទទួលបានបាតុភូត ដែលព្រះអាទិត្យមិនចេះលិច រយៈពេល ៦ខែចាប់ពីចុងខែ មិនា រហូតដល់ចុងខែកញ្ញា។
បាតុភូតដែលបញ្ច្រាស់គ្នាជាមួយបាតុភូត ព្រះអាទិត្យកណ្តាលរាត្រីនេះគឺ បាតុភូតយប់នៃតំបន់ប៉ូល ឬ Polar Nightsដែលតែងតែកើតឡើងនៅ សិសិរដូវ ឬរដូវរងារ (winter)។ ជាពេលដែលព្រះអាទិត្យមិនរះ ឬរះទាបនៅជាប់ជើងមេឃរហូត។
ដោយសារតែអ័ក្សរង្វិលនៃផែនដីមានសភាពទ្រេតប្រហែល ២៣ដឺក្រេ ព្រះអាទិត្យនឹងមិនលិចនោះទេនៅរដូវក្តៅសម្រាប់អ្នករស់នៅក្នុងខ្សែបន្ទាត់ផ្តេកដែលជិតតំបន់ប៉ូល។ យើងអាចមើលឃើញព្រះអាទិត្យរះហើយមិនលិចទៅវិញមួយថ្ងៃពេញតែម្តងនៅក្នុងថ្ងៃ summer solstice សម្រាប់អ្នករស់នៅខ្សែបន្ទាត់នៃតំបន់ប៉ូល។ ១០០គីឡូម៉ែត្រពីខ្សែបន្ទាត់នៃតំបន់ប៉ូលចូលមកក្នុងនឹងឃើញព្រះអាទិត្យមិនចេះលិចរយៈពេលប៉ុន្មានសប្តាហ៍ជាប់គ្នា និងរយៈពេល ៦ខែពេញសម្រាប់អ្នកនៅតំបន់ប៉ូល។ បាតុភូត ព្រះអាទិត្យកណ្តាលរាត្រី ឬ midnight sun នេះក៏ត្រូវបានគេហៅថា polar day ឬជាខ្មែរអាចហៅថា ថ្ងៃនៃតំបន់ប៉ូល ផងដែរ។
នៅតំបន់ប៉ូល មានថ្ងៃរះ និងថ្ងៃលិចតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃ Equinox (ចុចទីនេះដើម្បីអានពី Equinox ឬវិសុវៈ)។ ក្នុងរយៈពេល ៦ខែនៃតំបន់ប៉ូលនេះព្រះអាទិត្យរះនៅទាបជាប់ជើងមេឃទោះបីជាពេលថ្ងៃត្រង់ក៏ដោយ ហើយយើងអាចមើលឃើញព្រះអាទិត្យហាក់ផ្លាស់ទីពីជើងទៅត្បូង វិលជុំវិញខ្លួនអ្នកជានិច្ច ហើយពីមួយថ្ងៃទៅមួយថ្ងៃព្រះអាទិត្យចាប់ផ្តើមរះខ្ពស់ពីជើងមេឃបន្តិចម្តងនៅពេលថ្ងៃត្រង់ ហើយរះខ្ពស់ជាងគេបំផុតនៅថ្ងៃ summer solstice។
ដោយសារដំណើរកោងនៃកាំរស្មីនៅក្នុងបរិយាកាស (atmospheric refraction កាំរស្មីនៃពន្លឺមិនប្រាកដថារត់ត្រង់នោះទេនៅក្នុងបរិយាកាស អាចមានសភាពកោងទៅតាមបរិយាកាស) បាតុភូត ព្រះអាទិត្យកណ្តាលរាត្រី ឬ midnight sun ក៏អាចកើតឡើងផងដែរនៅតំបន់ស្ថិតក្នុងខ្សែបណ្តោយ (latitude) ដែលមិនលើសពី ១ដឺក្រេពីខ្សែបន្ទាត់តំបន់ប៉ូល ឬទៅតាមស្ថានភាពតំបន់ខ្ពស់ ឬទាប។ ឧទាហរណ៍ដូចជានៅតំបន់ Iceland ទទួលបាតុភូត ព្រះអាទិត្យកណ្តាលរាត្រី បើទោះបីជាតំបន់នេះស្ថិតនៅឆ្ងាយពីបន្ទាត់អាក់ទិចក៏ដោយ។ ដោយសារតែដំណើរកោងនៃកាំរស្មីពន្លឺនេះហើយ ក៏អាចធ្វើអោយតំបន់ប៉ូលទទួលបានពន្លឺពីព្រះអាទិត្យលើសពី ៦ខែផងដែរ។ ផ្នែកខាងជើងនៃប្រទេស ស្កុតលែន (និងកន្លែងមួយចំនួនទៀតដែលស្ថិតនៅខ្សែបណ្តោយស្រដៀងគ្នា ដូចជាតំបន់ St. Petersburg ) ទទួលបានពន្លឺព្រះអាទិត្យនៅទិសខាងជើង (Twilight ជាពន្លឺដែលជះពីព្រះអាទិត្យនៅឯជើងមេឃ ពេលដែលព្រះអាទិត្យលិចបាត់) នាពេលយប់ ក្នុងកំឡុងថ្ងៃ summer solstice។ បើសិនជាយើងសំលឹងទៅជើងមេឃនៅទីខ្ពស់ជាងនីវ៉ូរបស់ទឹកសមុទ្រ នោះយើងអាចមើលឃើញបាតុភូត ព្រះអាទិត្យកណ្តាលរាត្រីនេះបានច្រើនថ្ងៃផងដែរ ដោយសារតែនៅទីខ្ពស់យើងអាចមើលឃើញជំរៅនៃជើងមេឃខុសពីតំបន់ទាប គឺដូចជាពេលដែលយើងមើលថ្ងៃលិចនៅលើភ្នំបាក់ខែងដូច្នោះដែរ អ្នកដែលនៅលើភ្នំឃើញថ្ងៃលិចយឺតជាងអ្នកនៅខាងក្រោម។
ដើម្បីអោយច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា
រាត្រីស្រមោលស White nights
តំបន់ដែលព្រះអាទិត្យលិចផុតតែ ៦ឬ៧ ដឺក្រេពីជើងមេឃ គឺតំបន់ដែលស្ថិតនៅខ្សែបណ្តោយ 59°34′ ខាងត្បូងខ្សែបន្ទាត់អាក់ទិច និងខាងជើងខ្សែបន្ទាត់អង់តាក់ទិច នឹងទទួលបានបាតុភូត ពន្លឺព្រះអាទិត្យកណ្តាលរាត្រី ឬ midnight twilight) ជំនួសអោយបាតុភូត  ព្រះអាទិត្យកណ្តាលរាត្រី។ អ្នកនៅតំបន់ទាំងនោះអាចអានអក្សរបានទោះបីជាគ្មានអំពូលភ្លើងជំនួយក៏ដោយ។
![]()  | 
| ខ្សែបណ្តោយរបស់ផែនដី | 
![]()  | 
| ម៉ោង ១១យប់នៅតំបន់ខ្លះនៃប្រទេស រុស្ស៊ី | 
រាត្រីស្រមោលស នេះបានក្លាយជាទំនៀមទំលាប់មួយសម្រាប់ជនជាតិរុស្ស៊ី និងអ្នករស់នៅតំបន់ Saint Petersburg ដែលរាត្រីស្រមោលស ឬ White nights នេះតែងតែកើតឡើងចាប់ពីថ្ងៃទី ១១ មិថុនា ដល់ថ្ងៃ ២កក្កដា។ ១០ថ្ងៃចុងក្រោយនៃខែមិថុនាពួកគេប្រារព្វពិធីទំនៀមទំលាប់ដែលត្រូវបានគេដាក់ឈ្មោះថា រាត្រីស្រមោលស ឬ White Nights Festival។
ប្រែសម្រួលដោយ៖ ស្វែងយល់
ប្រភព៖ https://en.wikipedia.org/wiki/Midnight_sun
ប្រែសម្រួលដោយ៖ ស្វែងយល់
ប្រភព៖ https://en.wikipedia.org/wiki/Midnight_sun




បញ្ចេញមតិយោបល់