Header Ads

test

ទំនាក់ទំនងរវាង​អង្គរវត្ត​ជា​មួយ​តារាសាស្រ្ត

សំណង់​ដ៏​មហិមារ​មួយ​ដែលបាន​ក៏​សាង​ឡើងដោយ​មនុស្ស​លោក ​​ហើយ​មាន​ភាព​ប្រទាក់​គ្នា​ជា​មួយ​តារាសាស្រ្ត​នោះ​គឺ​ប្រាសាទ​អង្គរវត្ត​ ដែល​ស្ថិត​នៅ​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ។ អង្គរវត្ត​គឺ​ប្រាសាទ​ដែល​ល្បី​ល្បាញ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុ​ជា​ គឺ​ជា​រាជធានី​នៃ​សម័យ​អាណាចក្រ​ខ្មែរ​ ដែល​បាន​ក៏សាង​ឡើង​ដោយ​ព្រះបាទ សូរយ្យវរ្ម័ន​ទី​២ នៅ​ក្នុង​សតវត្យ​ទី ១២។ ប្រាសាទ​អង្គរវត្ត​ឡោម​ព័ទ្ធ​ទៅ​ដោយកសិណ​ទឹក (គូរទឹក) ដែល​មាន​បណ្តោយ​ ១៥០០​ ម៉ែត្រ និង​ទទឹង​ ១៣០០ ម៉ែត្រ។ សំណង់​អង្គរវត្ត​មាន​ថែវ​ រាង​ចតុកោណ​កែងពីរជាន់ព័ទ្ធ​ពី​ខាង​ក្រៅ​ ថែវ​ខាង​ក្រៅ​​បង្កើត​បាន​ជា​វិចិត្រសាល​ចំនួន​បី​​ ហើយ​ប៉ម​ដែល​ខ្ពស់​ជាង​គេ​នៅ​កណ្តាល​ឡោមព័ទ្ធ​ទៅ​ដោយ ប៉ម​តូចៗ​បួន​។ កសិណ​ទឹក និង​ថែវ​របស់​អង្គរវត្ត​រត់ត្រង់​គ្នា​ជា​មួយ​ទិស​ទាំង​បួន​ ហើយ​អ្វី​ដែល​ចំលែក​ជាង​គេ​នោះ​ប្រាសាទ​អង្គរ​វត្ត​មាន​ច្រកចូល​ពីទិស​ខាង​លិច​ ដែល​ភ្ជាប់​ទៅកាន់​ស្ពានដ៏វែង​មួយ (ស្ពានហាល) ពុះ​ជ្រែក​កសិណ​ទឹក​។


ប្រាសាទ​អង្គរវត្តបាន​បន្សល់​នូវ​សិលាចរិក​បែប​សាសនា​ហិណ្ឌូគឺ​គម្ពី "ឬគ្វេទ" ឬ​គម្ពីឥរុវេទ ដែល​ជាគម្ពី​មួយ​ក្នុង​ចំនោម​គម្ពី​វេទ​ទាំង​៤​។ គម្ពីឬគ្វេទ ឬ​គម្ពីឥរុវេទ​ដែល​បាន​ចារ​ទុក​នៅ​លើ​ជញ្ជាំង​នៃ​ប្រាសាទ​អង្គរវត្តត្រូវ​បាន​គេ​បានស្មាន​ថា​​មាន​អាយុចំនាស់​ជាង​គេ​នៅ​លើ​ពិភព​លោក​។ សិលា​ចារឹក​នេះ​រៀប​រាប់​អំពី ព្រះអទិទេព​នៃ​ឋាន​សួគ៌​ និង​អទិទេព​នៃ​ផែន​ដី​ ហើយ​ក៏​មាន​ការរៀប​រាប់​អំពី​ព្រះ​វិស្ណុ​ផង​ដែរ​។​ ប្រាសាទ​សាសនា​ហិណ្ឌូ​សាង​សង់​ឡើង​នៅ​លើ​ផែន​ដី​សម្រាប់​ជា​កន្លែង​ស្នាក់​នៅ​របស់​ព្រះ​អទិទេព​  ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ទៅ​ដល់​ព្រះ​វិស្ណុ។ ទី​កន្លែង​ដែល​នៅ​ចំ​អ័ក្ស​បញ្ឈ​នៃ​កំពូល​កណ្តាល​ដែល​ខ្ពស់​ជាង​គេនៅតួរកណ្តាល​របស់​ប្រាសាទ (រូតបាកាន)​ ត្រូវ​បាន​គេ​គិត​ថា​ជា​កន្លែង​ដែល​ព្រះ​មហាក្សត្រប្រាស្រ័យ​ទាក់ទង​ជា​មួយ​ព្រះអទិទេព​។ មួយ​វិញ​ទៀត​អារ្យ​ធ៌ម​ខ្មែរ​នៅ​កំឡុង​ពេល​ដែល​ប្រាសាទ​អង្គរ​សាង​សង់​ឡើង ​គេ​ជឿ​ថា​បន្ទាប់​ពី​ព្រះ​មហាក្សត្រ​សោយ​ទីវង្គត់​ ព្រះ​អង្គ​នឹង​ប្រែក្លាយ​ទៅ​ជា​ព្រះ​អទិទេពមួយ​រូប​។


តារាសាស្រ្ត​ និង​​ទ្រឹស្តី​របស់​ហិណ្ឌូ (Hindu Cosmology - ​ហិណ្ឌូ​ជឿ​ថាចក្រវាលកើត​ហើយ និង​ត្រូវ​វិនាស​ទៅ​វិញ ហើយ​ក៏​កើត​ឡើងវិញ​​ម្តង​ទៀត) មាន​ភាព​ប្រទាក់ប្រទិន​គ្នា បើ​យោង​ទៅ​តាម​​អ្វី​ៗ​ដែល​បាន​រក​ឃើញ​នៅ​ប្រាសាទ​អង្គរ​វត្ត​។ ភស្តុតាង​ដែល​មាន​នៅ​តាម​ថែវ​នៃ​ប្រាសាទ​អង្គរ​វត្ត​ គឺ​ជា​រូប​ចំលាក់​ដែល​លាត​សន្ធឹង​ល្វឹង​ល្វើយ​ ដែល​ក្នុង​នោះ​មាន​រូបចំលាក់​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​មួយ​នៅ​ក្នុង​រឿង​ព្រេង​នៃ​សាសនា​ហិណ្ឌូ គឺ​រឿង​មហាភារតៈ​។​

នៅលើ​ជញ្ជាំង​នៃ​ថែវ​ខាង​កើត​ប្រវែង​ ៤៥ម៉ែត្រ​គឺ​ជា​ទិដ្ឋភាព​ដែល​និយាយ​អំពី ការកូរសមុទ្រទឹកដោះ​ បើ​តាម​ព្រេង​និទាន​និយាយ​អំពីពួក​អទិទេព​ព្យាយាម​បង្កើត​ថ្នាំ​អមតៈ​ដោយ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​។ ជញ្ជាំង​នៃ​ថែវ​ខាង​ជើង​(ផ្នែក​ខាង​កើត​) និយាយ​អំពី​ជ័យ​ជំនះ​របស់ក្រឹស្ណៈ និង បាណ្ឍៈ ថែវ​ខាង​ជើង​ដដែល​ផ្នែក​ខាង​លិច និយាយ​អំពី​ចម្បាំង​រវាង​ទេវតា និង​អសុរៈ។ ថែវ​ខាង​លិច​បង្ហាញ​ពី​ឈុត​ឆាក​ចម្បាំង​នៅ​ក្នុង​រឿង​មហាភារាតៈ​ ចំនែក​ថែវ​ខាង​ត្បូង​បង្ហាញ​ពីឋានសួគ៌​ និង​ឋាន​នរក​​ដែល​មាន​ស្តេច​យមរាជ​​ ជា​អ្នក​គ្រប់​គ្រង​។​ ទិដ្ឋភាព​ដែល​បង្ហាញ​នៅ​ក្នុង​រូប​ចំលាក់​នៅ​តាម​ថែវ​ទាំង​បួន​នេះត្រូវ​បាន​គេ​គិត​ថា​វា​មាន​ជាប់​ពាក់​ព័ន្ធនឹង​រដូវ​ទាំង​បួន​។ រូប​ចំលាក់​នៅ​ថែវ​ខាង​កើត​បង្ហាញ​ពី​រដូវ​ផ្ការីក​ រូប​ចំលាក់​នៅ​ថែវ​ខាង​ជើង​គឺ​ជា​រដូវ​ក្តៅ និង​រូបចម្បាំង​នៅ​ថែវ​ខាង​លិចគឺ​ជា​ពេល​បញ្ចប់​នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ឯ​ថែវ​ខាង​កើត​ដែល​មាន​រូប​ចំលាក់​ស្តេច​យមរាជ​តំណាង​អោយ​រដូវ​រងារ។

ស្ថាបត្យកម្ម​នៃ​ប្រាសាទ​អង្គរវត្ត​ក៏​មាន​ចំណុច​ទាក​ទង​ជា​មួយ​តារាសាស្រ្ត​មួយ​ចំនួន​ផង​ដែរ​។ នៅ​ថ្ងៃ​​វសន្តវិសុវ និង​ថ្ងៃ​សរទវិសុវ (សូម​ចុច​ទី​នេះ ដើម្បី​អាន​អត្ថបទ​ដែល​បក​ស្រាយ​ពី​ថ្ងៃ​ទាំង​ពីរ​នេះ) បើ​សិន​ជា​អ្នក​ឈរ​នៅ​ច្រក​ទ្វា​ខាង​លិច​នៃ​ប្រាសាទ​អង្គរ​វត្ត​​ អ្នក​នឹង​មើល​ឃើញ​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​តែ​ម្តង​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​​បញ្ជាក់​ថា​ វង្វាស់​ខ្នាតផ្នែក​ផ្សេងៗនៃអង្គរវត្ត​មាន​ទំនាក់ទំនង​គ្នា​ជា​មួយ​តារាសាស្រ្ត​​។ រង្វាស់​ខ្នាត​ដែល​ខ្មែរ​​ប្រើ​ប្រាស់​នា​សម័យ​នោះ​គឺ​គិត​ជា​ ហត្ថ​ ដែល​ម​ាន​ប្រវែង​ប្រមាណ ៤៣.៤៥​សង់ទីម៉ែត្រ​។ ដោយ​ប្រើ​ប្រាស់​រង្វាស់​ខ្នាត​នេះ​អ្នក​បុរាណ​វិទូ រក​ឃើញ​នូវ​ចំណុច​មួយ​ចំនួន​ដែល​​មាន​ភាព​ជួន​គ្នា​ជា​មួយ​តារាសាស្រ្ត​ដូច​ខាង​ក្រោម​៖​

ថ្ងៃរះចំ​កពូល​ប្រាសាទ​អង្គរវត្ត​នៅ​ថ្ងៃ​ វិសុវ

ប្រវែងនៃ​ថែវ​ខាង​លើ​បង្អស់​របស់​ប្រាសាទ​អង្គរវត្ត​មាន​ប្រវែង​ ១៨៩ហត្ថ ជ្រុង​ខាង​កើត​ និង​ខាង​លិច ហើយ​មាន​ប្រវែង​ ១៧៦ម៉ែត្រ នៅ​ជ្រុង​ខាង​ជើង​ និង​ខាង​ត្បូង​។ បើ​សិន​ជា​យើង​បូក​លេខ​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា យើង​ទទួល​បាន​លទ្ធផល​ ៣៦៥ ដែល​ជា​ចំនួន​ថ្ងៃ​សរុប​ក្នុង​មួយ​ឆ្នាំ។
នៅលើ​រូតបាកាន​ ប្រវែង​ពី​កាំជណ្តើរ​មួយ​ទៅ​មួយ​ទៀត​មាន​ប្រវែង ១២ហត្ថ។ ក្នុង​មួយ​ឆ្នាំព្រះច័ន្ទ​មាន​វដ្តខ្នើត​ និង​រនោច​ ១២​ដង។
ប្រវែង​ និង​ទំហំសរុប​នៃ​កំពូល​ដែល​ខ្ពស់​ជាង​គេ​មាន​ប្រវែង ៩១ហត្ថ។ ជា​ធម្មតា​ពី​ថ្ងៃ គំលាត​រវាង​ថ្ងៃ​ អយន (Solstice) និង​ថ្ងៃ​វិសុវ (Equinox) មាន​រយៈពេល​ ៩១ថ្ងៃ (ចុចទីនេះ ដើម្បី​អាន​អត្ថបទ​ពីថ្ងៃ អយន)។

ដោយ​សារ​ព្រះ​ច័ន្ទ​មាន​គន្លង​វិល​ជុំ​វិញ​ផែន​ដី យើង​តែ​ង​តែ​ឃើញ​ព្រះ​ច័ន្ទ​ផ្លាស់​ទី​បន្តិច​ម្តងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខុស​ពី​កន្លែង​ចាស់​ បើ​ប្រៀប​ធៀប​ជា​មួយ​ផ្កាយ​ដែល​នៅ​ពី​ក្រោយ​។​ ដោយ​សារ​ព្រះច័ន្ទ​ប្រើ​ពេល​ ២៧ថ្ងៃ​ដើម្បី​វិល​បាន​មួយ​ជុំ​ផែន​ដី​ ធ្វើ​អោយ​យើង​មើល​ឃើញ​ថា​ព្រះ​ច័ន្ទ​​រះ​នៅ​ ២៧ កន្លែង​ខុសៗ​គ្នា​។ នៅ​ក្នុង​ជំនឿ​របស់​សាសនា​ហិណ្ឌូ​ កន្លែង​ដែល​ព្រះ​ច័ន្ទ​រះ​ខុសៗ​គ្នា​ទាំង​ ២៧​នេះ​ត្រូវ​បាន​គេ​ហៅ​ថា វិមាន​ព្រះ​ច័ន្ទ​។ ដូច​នេះ​នៅក្នុង​សាសនា​ហិណ្ឌូ​ មាន​វិមាន​ព្រះច័ន្ទ​ចំនួន ២៧ ប៉ុន្តែ​មាន​មតិ​ខ្លះ​ថា​មាន ២៨​កន្លែង​ដែល​គេ​រាប់​បញ្ចូល​ទាំង​ ផ្កាយ Vega មួយ​ទៀត​
រូត​បាកាន របស់​អង្គរវត្ត​​មាន​បន្ទប់​ចំនួន​ ៩ (កំពូល​ទាំង​៥ រួម​ជា​មួយ​មាត់់​ច្រកទាំង​បួន​ទិស​)។ ប្រសិន​បើ​យើង​វាស់​ប្រវែង​នៃ​បន្ទប់​ទាំង​នេះ​​ គឺ​មាន​ប្រវែង​ ២៧ហត្ថ​ពីជើង​ទៅ​ត្បូង និង​២៨ហត្ថពី​លិច​ទៅ​កើត​ ដែល​វា​ត្រូវ​គ្នា​ជា​មួយ​ចំនួន​នៃ​ វិមាន​ព្រះច័ន្ទ​នៅ​ក្នុង​សាសនា​ហិណ្ឌូ​។ ចំនែក​ឯ​​បន្ទប់​នៃ​អាគារ​បណ្ណាល័យ​នៃ​ប្រាសាទ​អង្គរ​វត្តមាន​ប្រវែង​ ១៦ហត្ថ​ពី​លិច​ទៅ​កើត​ និង​ពី​ត្បូង​ទៅជើង​មាន​ប្រវែង​១១ ឬ១២​ហត្ថអា​ស្រ័យ​ទៅ​លើ​ការ​រាប់​បញ្ចូល​ទាំង​ផ្លូវ​ចូល​ឬ​អត់។ បើ​យើង​បូក​លេខ​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា​ក៏ទទួល​បាន​លទ្ធ​ផល​ ២៧ ឬ​២៨​ដូច​គ្នា​។

នៅ​ក្នុង​សាសនា​ហិណ្ឌូ ឬ​ព្រហ្មញ្ញ​គេ​បែង​ចែក​អាយុ​នៃ​ចក្រវាល​ជា​បួន​យុគ​។ ហើយ​យុគ​នីមួយ​ៗ​មាន​រយៈពេល​​ដែល​ស្មើ​នឹង​ប្រវែង​ផ្សេងៗ​នៃ​ប្រាសាទ​អង្គរវត្ត​
  • កលិយុគ​ គឺ​ជា​យុគ​​ដែល​យើង​កំពង់​រស់​នៅបច្ចុប្បន្ន​ មាន​ចំនួន ៤៣២ ពាន់​ឆ្នាំ​ (៤៣២០០០ឆ្នាំ)​។ ទំហំ​ទទឹង​នៃ​កសិណ​ទឹក​ដែល​ព័ទ្ធ​ជុំ​វិញប្រាសាទ​អង្គរវត្ត​មាន​ទំហំ ៤៣២ហត្ថ។
  • ទ្វាបរយុគ មាន​ចំនួន​ ៨៦៤ ពាន់ឆ្នាំ (៨៦៤០០០ឆ្នាំ) ប្រវែង​ពី​ច្រកទ្វារ​នៃ​ប្រាសាទ​អង្គរវត្ត​ទៅកាន់​ថែវ​ខាង​ក្នុង​មាន​ប្រវែង​ ៨៦៧ហត្ថ។
  • ត្រេតយុគ មាន​ចំនួន ១២៩៦ ពាន់ឆ្នាំ (១២៩៦០០០) ចំងាយ​ពី​ច្រកទ្វារនៃ​ប្រាសាទ​អង្គរវត្ត​ទៅកាន់​កំពូល​កណ្តាល​នៃ​អង្គរវត្ត​ មាន​ប្រវែង ១២៩៦ហត្ថ​។
  • សត្យយុគ​ មាន​ចំនួន ១៧២៨ ពាន់ឆ្នាំ (១៧២៨០០០) ចំងាយ​ពីស្ពានហាល ទៅ​កាន់កំពូល​កណ្តាល​មាន​ប្រវែង​ ១៧៣៤ ហត្ថ។
នៅ​ក្នុង​ប្រវត្តសាស្រ្ត​​នៃ​ពិភព​លោក​កម្រ​មានវប្បធម៌​ណា​ដែល​​សាង​សង់​សំណង់​ដ៏​មហិមារ​ ហើយ​និយាយ​យ៉ាង​លម្អិត​អំពី​ផ្នត់​គំនិត​ដែល​ពួក​គេ​យល់​អំពី​ដំណើរ​កើត​ឡើង​នៃ​ពិភព​លោកណាស់។ អង្គរវត្ត គឺ​ជា​បូជនីយដ្ឋានដ៏​ស្ចារ្យ​ដែល​ជា​កិត្តិយស​បំផុត​សម្រាប់​ពិភព​លោក​យើង​ទាំង​មូល​។​

No comments