ស្វែងយល់ពី វិសុវ (Equinoxes) និង អយន (Solstice)
អ្នកប្រហែលជាអាចឆ្ងល់នៅចំណងជើងនៃអត្ថបទមួយនេះ ប្រហែលជាអ្នកមិនធ្លាប់ជួប ឬលឺវាទាល់តែសោះប៉ុន្តែក្នុងជីវិតរស់នៅរបស់មនុស្សលើពិភពលោកតែតែជួបវាជានិច។ ហើយសង្ឃឹមថាអត្ថបទនេះក៏អាចបកស្រាយនូវចម្ងល់មួយចំនួន ដែលអ្នកកំពុងប្រទះក្នុងជីវិតរបស់លោកអ្នកទាក់ទងទៅនឹងតារាសាស្រ្ត។
មុននឹងបកស្រាយនូវពាក្យខាងលើខ្ញុំសូមបើករវង់ក្រចកបន្តិចសិន។ ពាក្យ "វិសុវ" នេះក៏ខ្ញុំមិនដែលបានស្គាល់ដែរពីមុនមកដោយសារតែមិនមានក្នុងវចនានុក្រមខ្មែរនោះទេ។ ពាក្យនេះគឺបានមកពីភាសា សំស្រ្កឹត ដែលមានន័យស្មើនឹងពាក្យ Equinox ដែលជាភាសាឡាតាំង Equi មានន័យថា Equal (ស្មើ) Nox មាន័យថា Night (យប់)។ ខ្ញុំឃើញនៅក្នុងអត្ថបទជាភាសាខ្មែរមួយចំនួនគេបកប្រែពាក្យថា Equinox នេះស្មើនឹងពាក្យ "សមរាត្រី" ប៉ុន្តែពាក្យនេះក៏គ្មានដែរនៅក្នុងវចនានុក្រមខ្មែរយើង។ នៅក្នុងវចនានុក្រមរបស់សម្តេចសង្ឃជួនណាត គេប្រើពាក្យ "អយន" ឬ "អយនកាល" ដែលមានន័យថា "សុរិយគតិកាលក្នុងរដូវដែលមានវេលាថ្ងៃនិងយប់ស្មើគ្នា" ដូច្នេះវាមានន័យស្មើនឹងពាក្យ Equinox។ ផ្ទុយទៅវិញពាក្យ "អយន" នេះនៅក្នុងភាសាសំស្រ្កឹតគឺមានន័យស្មើ និងពាក្យ Solstice ទៅវិញនោះទេ។ "អយន" យើងអានថា "អៈយ៉ៈន៉ៈ" ជាភាសាខ្មែរមានន័យថា "ផ្លូវ គន្លង សុរិយគតិ" បើតាមមើលពាក្យសម្រាយនេះពិតជាមានន័យស្មើនឹងពាក្យ Solstice ពិតប្រាកដមែន គឺសំដៅទៅលើគន្លងរបស់ព្រះអាទិត្យ៕ កាវិភាគនៃពាក្យខាងលើនេះខ្ញុំយល់ស្របតាមគំនិតរបស់បងប្រុសម្នាក់ដែលគាត់ព្យាយាមពន្យល់នូវពាក្យនេះដែរ ហើយខ្ញុំនឹងដាក់តំណរភ្ជាប់នៅចុងអត្ថបទនេះ។
អ្វីទៅជា វិសុវ ឬ Equinox
ផែនដី ក៏ដូចជាភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យតែងតែទទួលបានពន្លឺនៅផ្នែកម្ខាងហើយងងឹតនៅផ្នែកម្ខាងទៀតដែលបង្កើតបានជាពេលយប់ និងពេលថ្ងៃ។ ដោយសារតែផែនដីប្រើប្រាស់រយៈពេល ២៤ម៉ោងដើម្បីវិលជុំវិញខ្លួនឯងអោយបានមួយជុំ អ្នកទាំងអស់គ្នាប្រហែលជាគិតថាយើងគ្រប់ៗគ្នាទទួលបានពេលថ្ងៃ ១២ម៉ោង និងពេលយប់១២ម៉ោង ស្មើៗគ្នា។ បើសិនជាអ្នកគិតដូច្នេះគឺវាមិនត្រឹមត្រូវទាំងស្រុងនោះទេ វាត្រឹមត្រូវតែក្នុងលក្ខខ័ណមួយចំនួនប៉ុណ្ណោះ។
ដោយសារតែភពផែនដីយើងមិនមែនវិលនៅក្នុងអ័ក្សត្រង់ ៩០ដឺក្រេនោះទេ គឺវាមានលក្ខណៈផ្អៀងបន្តិចក្នុងមុំប្រហែល ២៣.៤ ដឺក្រេ។ មនុស្សម្នាទាំងអស់ដែលរស់នៅក្រៅពីតំបន់អេក្វាទ័រ ត្រូវទទួលបានពន្លឺថ្ងៃលើសពី ១២ម៉ោង ក្នុងកំឡុងពេល ៦ខែ ពេលអឌ្ឍគោលដែលគេរស់នៅផ្អៀងទៅរកព្រះអាទិត្យ ហើយទទួលបានពន្លឺថ្ងៃតិចជាង១២ម៉ោង ក្នុងកំឡុងពេល ៦ខែ ពេលអឌ្ឍគោលដែលគេរស់នៅផ្អៀងចាកចេញពីព្រះអាទិត្យ។ ប៉ុន្តែមានតែ ២ថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំដែលអ្នកដែលរស់នៅអឌ្ឍគោលខាងណាក៏ដោយទទួលបានពេលថ្ងៃ និងពេលយប់ស្មើគ្នា ហើយថ្ងៃនោះហើយដែលគេដាក់ឈ្មោះថា ថ្ងៃ Equinox ឬ វិសុវ។
ថ្ងៃវិសុវ ឬ Equinox កើតឡើងនៅចន្លោះកណ្តាលរវាង អយន ឬ Solstice (អយន មានពីថ្ងៃក្នុងមួយឆ្នាំដូចគ្នា យើងនឹងនិយាយពីពាក្យ អយន នេះនៅពេលបន្តិចទៀត) ។ ខណៈពេលដែល អយន តែងតែកើតឡើងក្នុងកំឡុងថ្ងៃ ២១ មិថុនា និង២១ ធ្នូ។ ដូច្នេះ ថ្ងៃវិសុវ នេះច្រើនចំថ្ងៃ ២១ មិនា និង២១កញ្ញា ដែស្ថិតនៅចន្លោះកណ្តាលនៃថ្ងៃ អយន ទាំងពីរដងក្នុងមួយឆ្នាំ។ អ្នកដែលនៅអឌ្ឍគោលខាងត្បូង ថ្ងៃទី ២១មិនា ត្រូវបានគេស្គាល់ថាជាថ្ងៃ Spring ឬ Vernal Equinox ដោយវេលានេះគឺជារដូវផ្ការីក ខ្មែរយើងគឺត្រូវនឹង វសន្តរដូវ មាន២ខែ រាប់ពីថ្ងៃ ១រោចខែផល្គុនដល់ថ្ងៃ ១៥កើតខែពិសាខ មាន៥៩ថ្ងៃ ហើយសូមកុំយល់ច្រលំនឹង វស្សានរដូវ។ ដូច្នេះយើងអាចប្រើប្រាស់ពាក្យ វសន្តវិសុវ សម្រាប់ជំនួសអោយពាក្យ Sprinig/Vernal Equinox ។
ហើយនៅថ្ងៃទី ២១ កញ្ញា គេហៅថា Fall/Autumn Equinox ដោយសារវេលានេះចំនឹងរដូវស្លឹកឈើជ្រុះ។ ហើយខ្មែរយើងគឺត្រូវនឹងរដូវរំហើយ សរទរដូវ ដូចនេះយើងអាចប្រើពាក្យ សរទវិសុវ សម្រាប់ជំនួសអោយពាក្យ Fall/Autumn Equinox។  នៅឯតំបន់អេក្វាទ័រដែលជាចំនុចកណ្តាលនៃអឌ្ឍគោលទាំងពីរ ពួកគេទទូលបានវេលាថ្ងៃ ១២ម៉ោង និងយប់១២ម៉ោងជានិច្ច ដូច្នេះពួកគេគ្មានអ្វីត្រូវខ្វល់ពី ថ្ងៃវិសុវ ទាំងពីរថ្ងៃនេះទេ។
![]()  | 
| Spring/Vernal Equinox | 
![]()  | 
| Fall/Autumn Equinox | 
ថ្ងៃវិសុវទាំងពីថ្ងៃនេះក៏ជាថ្ងៃដែលព្រះអាទិត្យរះចំទិសខាងកើតបំផុត ហើយក៏លិចទៅវិញនៅទិសខាងលិចបំផុតផងដែរ ទាំងអឌ្ឍគោលខាងជាង ខាងត្បូង និងតំបន់អេក្វាទ័រ។ សរុបមកថ្ងៃវិសុវ គឺជាថ្ងៃតែមួយគត់ដែលអ្នករស់នៅអឌ្ឍគោលខាងជើង និងខាងត្បូងទទួលបានវេលាថ្ងៃ និងយប់ស្មើគ្នា។
តើអ្វីទៅជា អយន ឬ Solstice
ដោយសារតែអ័ក្សរង្វិលរបស់ផែនដីមានលក្ខណៈទ្រេតនៅពេលដែលវាធ្វើដំណើរជុំវិញព្រះអាទិត្យ  មានមួយថ្ងៃក្នុងមួយឆ្នាំដែលប៉ូលខាងជើងផ្អៀងខ្លាំងទៅរកព្រះអាទិត្យ ហើយប៉ូលខាងត្បូងផ្អៀងចាកចេញពីព្រះអាទិត្យ។ នៅក្នុងថ្ងៃនេះសម្រាប់អ្នកដែលរស់នៅអឌ្ឍគោលខាងជើង វាគឺជាថ្ងៃដែលមានវេលាពេលថ្ងៃយូរជាងគេបង្អស់ក្នុងមួយឆ្នាំ ហើយសម្រាប់អ្នកដែលរស់នៅខាងជើងតំបន់ត្រូពិចនៃអឌ្ឍគោលខាងជើង គឺជាថ្ងៃដែលព្រះអាទិត្យនៅពេលថ្ងៃត្រង់ រះខ្ពស់ផុតពីជើងមេឃលើសថ្ងៃណាៗទាំងអស់ ដែលហាក់ដូចជាព្រះអាទិត្យនៅចំពីលើយើងតែម្តង។ ថ្ងៃនេះហើយដែលជាថ្ងៃដំបូងនៃរដូវក្តៅ ឬនិទាឃរដូវ (Summer) សម្រាប់អ្នករស់នៅអឌ្ឍគោលខាងជើង។
ចំនែកឯអឌ្ឍគោលខាងត្បូងវិញគឺបញ្ច្រាស់គ្នានឹងអឌ្ឍគោលខាងជើង វាគឺជាថ្ងៃដែលមានវេលាថ្ងៃខ្លីបំផុត ហើយក៏ជាថ្ងៃដំបូងនៃ សិសិរដូវ (Winter) ហើយសម្រាប់អ្នកដែលរស់នៅខាងត្បូងតំបន់ត្រូពិចនៃអឌ្ឍគោលខាងត្បូង និងឃើញព្រះអាទិត្យនៅពេលថ្ងៃត្រង់មិនស្ថិតនៅចំពីលើយើងនោះទេ គឺរាងបញ្ឆិតបន្តិច។  ភាគច្រើនចំថ្ងៃទី ២១ មិថុនា ដែលអ្នកអឌ្ឍគោលខាងជើងហៅថា Summer Solstice ដោយសារចំរដូវក្តៅ ចំនែកឯអ្នកអឌ្ឍគោលខាងត្បូងវិញហៅថា Winter Solstice ដោយសារជាថ្ងៃចាប់ផ្តើមនៃរដូវរងារ។
![]()  | 
| Summer Solstice | 
ប្រាំមួយខែបន្ទាប់មកអ្វីៗចាប់ផ្តើមបញ្ច្រាសឡើងវិញ ផែនដីបានធ្វើដំណើរដល់គន្លងដែលប៉ូលខាងត្បូងផ្អៀងទៅរកព្រះអាទិត្យបំផុត ហើយប៉ូលខាងជើងផ្អៀងចាកចេញពីព្រះអាទិត្យបំផុត ហើយច្រើនចំថ្ងៃទី ២១ ធ្នូ ដែលជាថ្ងៃ Summer Solstice សម្រាប់អ្នកអឌ្ឍគោលខាងត្បូង ហើយជាថ្ងៃ Winter Solstice សម្រាប់អ្នករស់នៅអឌ្ឍគោលខាងជើង។ ចុះចំនែកឯអ្នករស់នៅតំបន់អេក្វាទ័រវិញ តើមានថ្ងៃ Solstice ឬ អយន នេះដែរឬទេ? ចម្លើយគឺគ្មាននោះទេសម្រាប់អ្នកនៅតំបន់អេក្វាទ័រ ដោយសារតែតំបន់នេះគឺតែងតែទទួលបាន ថ្ងៃ១២ម៉ោង និងយប់១២ម៉ោងជានិច្ច និយាយរួមគឺរដូវក្តៅរហូត គួរអោយអាណិតណាស់។
ចុះវិលមកពាក្យខ្មែរយើងវិញតើយើងគួរប្រើពាក្យអ្វីដើម្បីអោយត្រូវគ្នានឹងពាក្យ Summer/Winter Solstice នេះ? បើតាមបងប្រុសដែលបានសសេរប្លុកដែលខ្ញុំបានរៀបរាប់ខាងលើ គាត់បានប្រើពាក្យ ទក្សិណាយាន ជាថ្ងៃដែលប៉ូលខាងត្បូងផ្អៀងទៅរកព្រះអាទីត្យខ្លាំងបំផុត និងឧត្តរាយាន ជាថ្ងៃដែលប៉ូលខាងជើងផ្អៀងទៅរកព្រះអាទិត្យបំផុត។ ចំពោះគំនិតខ្ញុំវិញ ខ្ញុំចង់ប្រើប្រាស់ពាក្យ និទាឃអយន និងសិសិអយន ដើម្បី អោយស្របគ្នាជាមួយពាក្យបរទេស។ បើមិត្តអ្នកអានមានគំនិតផ្សេងក្រៅពីនេះសូមជួយប្រាប់នៅក្នុងកន្លែងបញ្ចេញមតិយោបល់ផង។
![]()  | 
| Winter Solstice | 
![]()  | 
| កំពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់រវាង Winter Solstice និង Sumer Solstice | 
បន្ទាប់ពីនាក់បានអានការបកស្រាយខាងលើហើយប្រហែលជាអ្នកអាចយល់បានហើយថា តើហេតុអ្វីបានជាខែខ្លះអ្នកមានអារម្មណ៍ថាមេឃឆាប់ភ្លឺមែនទែននៅពេលព្រលឹមឡើង ហើយក៏ឆាប់យប់វិញដែរ ហើយខែខ្លះមេឃងងឹតមែនទែននៅពេលព្រឹក ហើយមេឃនៅភ្លឺស្រលះនៅពេលល្ងាច ។
សូមអរគុណ
ដកស្រង់ និងប្រែសម្រួលដោយ: ស្វែងយល់
ប្រភពៈ






បញ្ចេញមតិយោបល់