តើម៉ាស៊ីនយានយន្តដំណើរការដោយរបៀបណា?
តើអ្នកធ្លាប់ឆ្ងល់ទេថាតើម៉ាស៊ីនយានយន្តរបស់លោកអ្នកអាចដំណើរការបានដោយរបៀបណា? តើហេតុអ្វី បានជាប្រេងសាំងអាចអោយម៉ាស៊ីនយានយន្តលោកអ្នកដំណើរការបាន។ បើមើលពីសំបកក្រៅម៉ាស៊ីនម៉ូតូ ឬរថយន្តហាកបីដូចជាបណ្តុំនៃដែក ភ្ជាប់ជាមួយទុយយោ និងខ្សែរភ្លើងផ្សេងៗប៉ុណ្ណោះ។ អ្នកប្រហែលជាចង់ដឹងហើយថាតើមានអ្វីកើតឡើងនៅខាងក្នុងម៉ាស៊ីនយានយន្តរបស់លោកអ្នក។ ហើយបើសិនជាអ្នកចង់ទិញរថយន្តវិញ អ្នកប្រហែលជានឹងលឺគេនិយាយអំពីពាក្យបច្ចេកទេសផ្សេងៗដែលអ្នកប្រហែលជាចង់ដឹង ដូចជា ចំណុះ ម៉ាស៊ីនគិតជាលីត្រ ឧទាហរណ៍ 3.0 Liter ឬក៏ពាក្យមួយចំនួនទៀតដូចជា V-6 V8 V12 ស៊ូប៉ាប់ភ្លោះ ម៉ាស៊ីនប្រើប្រាស់ប៊ិចសាំង ឬប៊េនសាំង ជាដើម។
![]() |
| ម៉ាស៊ីនប្រើចំហេះខាងក្នុង |
នៅក្នុងអត្ថបទនេះយើងនឹងនិយាយអំពីីមូលដ្ឋានគ្រឹះនៃដំណើរការរបស់ម៉ាស៊ីនយានយន្ត បន្ទាប់មកនឹងនិយាយលំអិតអំពីគ្រឿងផ្សំរបស់ម៉ាស៊ីន ហើយក៏និយាយផងដែរអំពីបញ្ហាផ្សេងៗដែលអាចកើតលើម៉ាស៊ីនយានយន្តក៏ដូចជាដំណោះស្រាយ។
តួរនាទីដ៏សំខាន់របស់ម៉ាស៊ីនយានយន្តដែលប្រើប្រាស់សាំងគឺ កាបំលែងសាំងអោយទៅជាចលនា ដែលអាចធ្វើអោយយានយន្តរបស់លោកអ្នកផ្លាស់ទីបាន។ បច្ចុប្បន្នវិធីដែលងាយស្រួលក្នុងការបំលែងសាំងអោយទៅជាចលនាគឺការដុតប្រេងសាំងនៅខាងក្នុងម៉ាស៊ីន ដែលគេហៅថាម៉ាស៊ីនដែលមានចំហេះនៅខាងក្នុង (ចំហេះប្រេងសាំងកើតឡើងនៅខាងក្នុងម៉ាស៊ីន)។ ម៉ាស៊ីនដែលប្រើប្រាស់ចំហេះនៅខាងក្នុងអាចមានច្រើនប្រភេទ ដូចជាម៉ាស៊ីនប្រើប្រេងម៉ាស៊ូត ម៉ាស៊ីនយន្តហោះ ម៉ាស៊ីនប្រភេទ HEMI ម៉ាស៊ីនប្រើវគ្គ២តង់ ជាដើម។ ម៉ាស៊ីនទាំងនេះសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា។
មួយវិញទៀតបើសិនជាមានម៉ាស៊ីនប្រើចំហេះខាងក្នុង ប្រហែលជាអ្នកអាចគិតថាមានម៉ាស៊ីនប្រើចំហេះនៅខាងក្រៅដែរហើយ។ វាពិតជាត្រឹមត្រូវណាស់ម៉ាស៊ីនដែលប្រើប្រាស់ចំហេះពីខាងក្រៅ ដូចជាម៉ាស៊ីនប្រើប្រាស់ចំហាយទឹកដែលប្រើប្រាស់នៅលើរថភ្លើង និងកប៉ាល់កាលពីសម័យមុន (អ្នកប្រហែលជាធ្លាប់លឺគេនិយាយថារថភ្លើងដុតអុសហើយ)។ គេអាចប្រើប្រាស់អុស ធ្យូង ឬប្រេងជាដើម ដុតពីខាងក្រៅម៉ាស៊ីន បន្ទាប់មកចំហាយទឹកហ្នឹងធ្វើអោយម៉ាស៊ីនមានចលនា។ យ៉ាងណាមិញ ម៉ាស៊ីនដែលប្រើប្រាស់ចំហេះខាងក្នុងមានប្រសិទ្ធភាពខ្ពស់ជាងដាចឆ្ងាយ (ប្រើប្រាស់ធនធានសម្រាប់ដុតតិច) ហើយមួយវិញទៀតម៉ាស៊ីនដែលប្រើប្រាស់ចំហេះខាងក្នុងមានទំហំតូចជាង ដែលធ្វើអោយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយរថយន្ត។
![]() |
| ម៉ាស៊ីនប្រើចំហេះខាងក្រៅ |
ចំហេះខាងក្នុង
ច្បាប់ទូទៅនៃម៉ាស៊ីនដែលប្រើប្រាស់ចំហេះខាងក្នុងគឺ បើសិនជាអ្នកដាក់ប្រេងសាំងនៅក្នុងកន្លែងបិតជិតមួយហើយបញ្ឆេះវា នោះអ្នកនឹងទទួលបានថាមពលកំលាំងដ៏ខ្លាំងមួយក្នុងទម្រង់ជាឧស្ម័នរីកមាឌ។ អ្នកអាចប្រើប្រាស់ថាមពលកំលាំងនេះធ្វើអោយខ្ទាតដុំដំឡូងបាន ១៥០ម៉ែត្រឯណោះ។ ក្នុងករណីនេះថាមពលបានបំលែងទៅជាចលនាផ្លាស់ទីរបស់ដុំដំឡូង។ ហើយអ្នកអាចប្រើប្រាស់ថាមពលកំលាំងនេះក្នុងគោលបំណងផ្សេងទៀតដូចជា បើសិនជាអ្នកអាចបង្កើតជាវដ្តនៃចំហេះនេះរាប់រយដងក្នុងមួយនាទីហើយបំលែងថាំពលដែលបានមកពីចំហេះនេះក្នុងគោលដៅដែលមានប្រយោជន៍មួយ អ្វីដែលអ្នកទទួលបានគឺជាស្នូលនៃម៉ាស៊ីនរថយន្ត។
សព្វថ្ងៃនេះម៉ាស៊ីនយានយន្តទូទៅប្រើប្រាស់វដ្តនៃចំហេះមួយដែលគេអោយឈ្មោះថា Four-stroke (ដែលយើងអាចហៅជាភាសាខ្មែរថា ម៉ាស៊ីនដែលមានវដ្តចំហេះ៤តង់)ដើម្បីបំលែងប្រេងសាំងអោយក្លាយទៅជាចលនាបំលាស់ទី។ វាក៏ត្រូវបានគេហៅថា វដ្ត Otto ផងដែរ ដើម្បីជាការរំលឹកគុណទៅដល់លោក Nikolaus Otto ដែលបានស្រាវជ្រាវបង្កើតវដ្តនេះឡើងនៅក្នុងឆ្នាំង ១៨៦៧។ វដ្តទាំងបួននោះគឺ
- Intake Stroke - វគ្គស្រូបខ្យល់ចូល
- Compression Stroke - វគ្គបង្ហាប់ខ្យល់
- Combustion Stroke - វគ្គចំហេះ
- Exhaust Stroke - វគ្គបញ្ចេញចោល
![]() |
| ម៉ាស៊ីនប្រើប្រាស់វដ្ត៤តង់ |
ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពឧបករណ៍មួយឈ្មោះថា ពីស្តុង (Piston) ជំនួសអោយដុំដំឡូងនៅក្នុងឧទាហរណ៍យើងខាងលើ។ ពីស្តុងភ្ជាប់ទៅកាន់ដងរវៃ ឬវិឡឺប្រឺកាំង ដោយដងពីស្តុង (Connecting Rod) នៅពេលដែលដងរវៃធ្វើរង្វិលជុំវាធ្វើអោយពីស្តុងផ្លាស់ទីស្ថិតទៅកន្លែងដើមសារជាថ្មីខាងក្រោមនេះគឺអ្វីៗដែលបានកើតឡើងនៅក្នុងវគ្គនីមួយៗ
១. ពីស្តុងស្និតនៅទីតាំងខាងលើ ស៊ូប៉ាប់ហឺតចំហរ ពីស្តុងធ្វើការផ្លាស់ទីទៅក្រោមដើម្បីស្រូបល្បាយខ្យល់ និងប្រេងនេះគឺជាវគ្គស្រូបចូល (intake stroke) វាត្រូវការតែប្រេងសាំង ២ ទៅ៣ដំណក់ប៉ុណ្ណោះដើម្បីលាយជាមួយខ្យល់
២. ពីស្តុងផ្លាស់ទីឡើងមកលើវិញដើម្បីបង្ហាប់ល្បាយខ្យល់ដែលលាយជាមួយប្រេងសាំង។ ការបង្ហាប់ដូចនេះធ្វើអោយបំផ្ទុះដែលបានមកពីចំហេះខ្លាំងជាងធម្មតា (Compression Stroke)
៣. នៅពេលដែលពីស្តុងផ្លាស់ទីទៅដល់ខាងលើវិញ ប៊ូស្ស៊ី និងបញ្ចេញផ្កាភ្លើងដើម្បីបញ្ឆេះប្រេងសាំង។ ប្រេងសាំងដែលឆេះបង្កើតបានជាកំលាំងផ្ទុះរុញច្រាន ពីស្តុងចុះទៅក្រោមវិញ (Combustion Stroke) ។
៤. នៅពេលដែលពីស្តុងផ្លាស់ទីទៅដល់ក្រោមស៊ូប៉ាប់ហឺយចំហរ ហើយផ្សែងដែលនៅសល់ពីចំហេះប្រេងសាំងចេញទៅតាមបំពង់ស៊ីម៉ាំង។
បន្ទាប់ពីបញ្ចប់វគ្គទាំងបួននេះរួច ម៉ាស៊ីនយានយន្ត នឹងធ្វើវដ្តទាំងនេះឡើងវិញដោយស្រូបយកល្បាយប្រេងសាំង និងខ្យល់ម្តងទៀត។ ចលនាដែលបង្កើតដោយម៉ាស៊ីនដែលមានចំហេះខាងក្នុងមានលក្ខណៈជារចលនារង្វិល ខណៈដែលចលនារបស់ដំឡូងដែលយើងលើកឧទាហរណ៍ពីខាងលើមានលក្ខណៈជាចលនារត់ត្រង់ ដែលវាដូចគ្នាទៅនឹងពីស្តុងដែរ។ ដើម្បីប្រែក្លាយចលនារត់ត្រង់នេះអោយក្លាយជាចលនារង្វិលបានគឺគេបានភ្ជាប់ពីស្តុងនេះទៅកាន់ឧបករណ៍រវៃ (វិឡឺប្រឺកាំង - Crankshaft)។ ចលនារង្វិលរបស់ឧបករណ៍រវៃនេះយើងរយកវាទៅបង្វិលកង់យានយន្តរបស់យើងអោយទៅមុខ។
ផ្នែកទូទៅនៃម៉ាស៊ីន
ផ្នែកដែលសំខាន់របស់ម៉ាស៊ីនគឺស៊ីឡាំង និងពីស្តុងដែលរត់ចុះឡើងនៅក្នុងស៊ីឡាំង។ ម៉ាស៊ីនដែលយើងរៀបរាប់ពីខាងលើគឺជាម៉ាស៊ីនដែលមានស៊ីឡាំងចំនួនមួយ ដែលប្រើប្រាស់ជាមួយយានយន្តតូចៗ ដូចជាម៉តូតូចៗ ម៉ាស៊ីនកាត់ស្មៅ ជាដើម។ ប៉ុន្តែម៉ាស៊ីនសម្រាប់ម៉ូតូធំ ឬរថយន្តមានចំនួនស៊ីឡាំងច្រើន (ចំនួនស៊ីឡាំងដែលពេញនិយមគឺ ស៊ីឡាំង៤ ស៊ីឡាំង៦ ស៊ីឡាំង៨។ នៅក្នុងម៉ាស៊ីនដែលមានស៊ីឡាំងច្រើនគេច្រើនតែតម្រៀបស៊ីឡាំងក្នុងលក្ខណៈជាបីរបៀបគឺ ជាជួរត្រង់ (Inline) រាងអក្សរ V និងជាលក្ខណៈផ្តេក (Horizontal, Opposed ឬ Boxer)។
អ្នកប្រហែលជាធ្លាប់បានលឺគេប្រើប្រាស់ពាក្យ V6 ឬV8 ទៅលើរថយន្ត វាបញ្ជាក់ថាម៉ាស៊ីនរថយន្តនោះមានស៊ីឡាំងតម្រៀបគ្នាជាលក្ខណៈអក្សរ V ហើយមានចំនួនស៊ីឡាំង6 ឬ8។ ហើយនៅពេលគេនិយាយពីទំហំម៉ាស៊ីននោះគេគិតជាលីត្រ ដូចជា 3.0L ឬ 5.7L នោះមិនមែនជាកំរិតដែលម៉ាស៊ីនស៊ីសាំងនោះទេ។ វាគឺជាទំហំស៊ីឡាំងបូកបញ្ចូលគ្នាថាតើវាអាចផ្ទុកល្បាយខ្យល់ និងប្រេងសាំងបានប៉ុន្មានលីត្រ។
អ្នកប្រហែលជាធ្លាប់បានលឺគេប្រើប្រាស់ពាក្យ V6 ឬV8 ទៅលើរថយន្ត វាបញ្ជាក់ថាម៉ាស៊ីនរថយន្តនោះមានស៊ីឡាំងតម្រៀបគ្នាជាលក្ខណៈអក្សរ V ហើយមានចំនួនស៊ីឡាំង6 ឬ8។ ហើយនៅពេលគេនិយាយពីទំហំម៉ាស៊ីននោះគេគិតជាលីត្រ ដូចជា 3.0L ឬ 5.7L នោះមិនមែនជាកំរិតដែលម៉ាស៊ីនស៊ីសាំងនោះទេ។ វាគឺជាទំហំស៊ីឡាំងបូកបញ្ចូលគ្នាថាតើវាអាចផ្ទុកល្បាយខ្យល់ និងប្រេងសាំងបានប៉ុន្មានលីត្រ។
![]() |
| មាស៊ីនមានស៊ីឡាំងរៀបជាលក្ខណៈមួយជួរ |
![]() |
| ម៉ាស៊ីនមានស៊ីឡាំងរាបជាអក្សរ V (V8 Engine) |
![]() |
| ម៉ាស៊ីនមានស៊ីឡាំងជាប្រភេទ Boxer |
របៀបតម្រៀបទាំងបីខាងលើមានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នាសម្រាប់ភាពរលូននៃដំណើរការរបស់ម៉ាស៊ីន តម្លៃ និងរូបរាងនៃម៉ាស៊ីន។ ហើយភាពខុសគ្នាទាំងនេះធ្វើអោយវាត្រូវបានគេប្រើទៅលើប្រភេទយានយន្តផ្សេងៗគ្នា។ ជាក់ស្តែងវាមិនមែនមានត្រឹមតែបីរបៀបខាងលើនេះទេ វាអាចមានច្រើនរបៀបទៀតប៉ុន្តែគ្រាន់តែវាមិនសូវពេញនិយម ដូចជា ស៊ីឡាំងរៀបជាលក្ខណៈអក្សរ W អក្សរ L ជាដើម។
ខាងក្រោមគឺជាផ្នែកសំខាន់ៗរបស់ម៉ាស៊ីនដែលត្រូវតែមាន
ខាងក្រោមគឺជាផ្នែកសំខាន់ៗរបស់ម៉ាស៊ីនដែលត្រូវតែមាន
ប៊ូស៊ី - Spark Plug
ប៊ូស៊ី មានតួរនាទីបង្កើតផ្កាភ្លើងដើម្បីបញ្ឆេះល្បាយខ្យល់ដែលលាយជាមួយប្រេងសាំង ដែលអាចអោយយើងទទួលបានចំហេះ។ ផ្កាភ្លើងនេះត្រូវតែបង្កើតឡើងក្នុងពេលដ៏ត្រឹមត្រូវមួយទើបអាចអោយម៉ាស៊ីនដំណើរការបានត្រឹមត្រូវ
ស៊ូប៉ាប់ - Valves
ស៊ូប៉ាប់ហឺត(intake valves) និងស៊ូប៉ាប់ហឺយ(exhaust valves) ត្រូវបិទបើកនៅពេលដែលត្រឹមត្រូវដើម្បីអោយខ្យល់និងសាំងចូលទៅក្នុងស៊ីឡាំង ហើយបញ្ចេញផ្សែងទៅកាន់បំពង់ស៊ីម៉ាំង។ នៅក្នុងវគ្គបង្ហាប់ខ្យល់ និងវគ្គដែលចំហេះកើតឡើងស៊ូប៉ាប់ទាំងពីរត្រូវបិទ ដើម្បីភ្ជិតស៊ីឡាំងអោយជិតល្អ បើមិនដូច្នោះទេកំលាំងផ្ទុះនឹងមិនភាពក្លាំងក្លាឡើយ និងធ្វើអោយម៉ាស៊ីនមានដំណើរការមិនត្រឹមត្រូវ។
ពីស្តុង -Piston
ពីស្តុងគឺជាដុំដែករាងស៊ីឡាំងដែលធ្វើចលនាចុះឡើងនៅក្នុងស៊ីឡាំង
ក្រវ៉ាត់ពីស្តុង - Piston Rings
ក្រវ៉ាត់ពីស្តុងមានតួរនាទីភ្ជិតចន្លោះប្រហោងរវាងផ្នែកខាងក្រៅនៃពីស្តុង និងជាយរបស់ស៊ីឡាំង។ ក្រវ៉ាត់នេះមានតួរនាទី២យ៉ាង ទី១ វាការពារល្បាយខ្យល់ និងសាំងកុំអោយលេចធ្លាយទៅកាន់ផ្នែកកាទែ (sump) នៅក្នុងវគ្គបង្ហាប់ខ្យល់ និងវគ្គដែលចំហេះកើតឡើង។ ទី២ ដើម្បីកុំអោយប្រេងរំអិលលេចធ្លាយទៅកាន់ផ្នែកស៊ីឡាំង ដែលធ្វើអោយប្រេងរំអិលឆេះ និងខាស់រីង។ ដូច្នេះហើយបានជាម៉ាស៊ីនដែលចាស់ៗតែងតែឆាប់ខាស់រីងស្ងួតប្រេងម៉ាស៊ីន ហើយហុយផ្សែងខ្លាំងទៀតផងដោយសារតែប្រេងរំអិលត្រូវបានដុតឆេះនៅពេលចំហេះនៅក្នុងស៊ីឡាំងកើតឡើង នេះក៏ដោយសារក្រវ៉ាត់ពីស្តុងសឹករីករឹលមិនអាចធ្វើការបានល្អ។
ដងពីស្តុង - Connecting Rod
ដងពីស្តុងមានតួរនាទីភ្ជាប់ពីស្តុងទៅកាន់ឧបករណ៍រវៃ (វីឡឺប្រឺកាំង - Crankshaft) នៅចុងទាំងពីររបស់វាអាចវិលចុះឡើងបានដែលធ្វើអោយអ័ក្សរបស់វាផ្លាស់ទីបាននៅពេលដែលពីស្តុងផ្លាស់ទីចុះឡើងហើយធ្វើអោយឧបករណ៍រវៃអាចវិលបាន។
ឧបករណ៍រវៃ ឬវិឡឺប្រឺកាំង - Crankshaft
ឧបករណ៍នេះអាចមានតួរនាទីបំលែងចលនាផ្លាស់ទីចុះឡើងរបស់ពីស្តុង អោយក្លាយទៅជាចលនារង្វិល។
កាទែ - Sump
កាទែមានតួរនាទីស្រោបឧបករណ៍រវៃ (វិឡឺប្រឺកាំង) ហើយនិងស្តុកប្រេងរំអិល។
សង្ឃឹមថាបន្ទាប់ពីអានអត្ថបទនេះរួចអ្នកទាំងអស់គ្នាអាចយល់បានខ្លះអំពីដំណើរការរបស់ម៉ាស៊ីន នៅក្នុងអត្ថបទក្រោយយើងនឹងនិយាយអំពីបញ្ហាដែលអាចកើតឡើងទៅលើម៉ាស៊ីនយានយន្ត និងវិធីដោះស្រាយខ្លះផងដែរ។ សូមអរគុណ!!!
ប្រែសម្រួលអត្ថបទដោយៈ ស្វែងយល់
ប្រភព: http://auto.howstuffworks.com/engine.htm






បញ្ចេញមតិយោបល់