ប្រវត្តិនៃរូបភាពដែលមានចំនួនអ្នកមើលច្រើនជាងគេលើពិភពលោក
ផ្ទាំងរូបភាពមួយដែលល្បីល្បាញខ្លាំង ហើយមានចំនួនអ្នកទស្សនារហូតដល់ទៅរាប់លានអ្នក នោះគឺជារូបភាពសម្រាប់ដាក់តាំងលើអេក្រង់កុំព្យូទ័រ ដែលភ្ជាប់មកស្រាប់ជាមួយ ប្រព័ន្ធប្រតិបត្តិការចំណាស់មួយរបស់ក្រុមហ៊ុន Microsoft ដែលក្មេងៗសម័យឥលូវប្រហែលជាមិនស្គាល់ទៀតផងនោះគឺ Windows XP។ រូបតាំងលើអេក្រង់កុំព្យូទ័រ នោះមានឈ្មោះថា  Bliss ដែលមានន័យជាខេមរៈភាសាថា បរមសុខ រូបភាពនេះបង្ហាញពីទស្សនីយភាពដែលគួរអោយគួយគន់ និងចង់ទៅសម្រាកលំហែនៅទីនោះ ដែលពោពេញទៅដោយស្មៅពណ៌បៃតងខ្ចីប្រៀបបានជាកម្រាលព្រំក្រាលទៅលើទីទួលមួយ ជាមួយនឹងមេឃពណ៌ខៀវស្រងាត់ខ្លាំង។
រូបភាពនេះត្រូវបានគេគិតថាជារូបភាពដែលមានអ្នកទស្សនាច្រើនជាងគេបំផុតលើ ពិភពលោកមកទល់នឹងសព្វថ្ងៃនេះផងដែរ។ បើសិនជាយើងគ្រាន់តែវាយពាក្យ Bliss នៅក្នុង Google នោះរូបភាពនេះនឹងបង្ហាញខ្លួនភ្លាមមុនគេតែម្តង។
ចំពោះ Windows XP នៅប្រទេសហ៊ុឡង់ វិញរូបភាពនេះមិនមែនឈ្មោះថា Bliss ឡើយដោយក្រុមហ៊ុន Microsoft ដាក់ឈ្មោះថា  Ireland ដែលធ្វើអោយមនុស្សមួយចំនួនធំគិតថាទស្សនីយភាពនៅក្នុងរូបភាពនេះគឺស្ថិតនៅប្រទេសអៀរឡង់។
តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាតើរូបភាពនេះត្រូវបានគេថតនៅកន្លែងណាអោយពិតប្រាកដ ឬគ្រាន់តែជារូបភាពដែលគេប្រើប្រាស់បច្ចេកទេសកុំព្យូទ័រដើម្បីបង្កើតឡើង? 
មនុស្សម្នាក់ដែលនៅពីក្រោយម៉ាស៊ីនថតដែលបានផ្តឹតយករូបភាពនេះ គឺជាជាងថតរូបជនជាតិអាមេរិកឈ្មោះ Charles O'Rear។ រូបភាពនេះត្រូវបានថតនៅរដ្ឋកាលីហ្វញ៉ា នៅក្នុងឆ្នាំ ១៩៩៦ មុន Windows XP បង្កើតឡើង ៤ឆ្នាំ ហើយមុនពេលដែលតំបន់នេះត្រូវបានគេប្រែក្លាយទៅជាចំការទំពាំងបាយជូរ។ ១០ ឆ្នាំក្រោយមករូបភាពមួយសន្លឹកដែលផ្តឹតយកនៅទីតាំងដដែល បង្ហាញនៅទស្សនីយភាពដែលសោះកក្រោះ មិនគួរអោយចង់គយគន់ទៀតឡើយ។
គ្មាននរណាម្នាក់ដឹងថា លោក O'Rear បានទទួលប្រាក់ប៉ុន្មានពីរូបភាពដែលល្បីល្បាញជាងគេមួយនេះឡើយ ដោយសារតែមានកិច្ចព្រមព្រៀងលាក់ការសម្ងាត់វវាងលោក និងក្រុមហ៊ុន Microsoft។ O'Rear បានប្រាប់ថា វាមានតម្លៃអស្ចារ្យខ្លាំងណាស់ ជាតម្លៃខ្ពស់ទីពីបន្ទាប់ពីរូបភាព អាស្រូវរបស់ប្រធានាធិបតេយ្យអាមេរិក Bill Clinton អោបនាង Monica Lewinsky។ បើតាមពាក្យចចាមអារាម O'Rear ទទួលបាន ១៣,៥០០០ ដុល្លារ ពីក្រុមហ៊ុន Microsoft។
![]()  | 
| លោក Charles O'Rear | 
រូបភាពនេះថតដោយម៉ាស៊ីនថតកំរិតមធ្យមមួយ ហើយអ្វីដែលជាការភ្ញាក់ផ្អើលបំផុតអំពីរូបភាពនេះគឺ លោក O'Rear អះអាងថារូបភាពនេះមិនត្រូវបានកែឆ្នៃអ្វីទាំងអស់។ ប៉ុន្តែគួរអោយសោកស្តាយទីតាំងដែលនេះនៅ ពេលបច្ចុប្បន្នខុសគ្នាដូចមេឃហើយ និងដី។
អរគុណទៅដល់ Google Street View ឥលូវអ្នកអាចទៅមើលទស្សនីយភាពនៅកន្លែងនោះផ្ទាល់តែម្តង ដើម្បីអោយដឹងថាតើបច្ចុប្បន្នកន្លែងនោះទៅជាយ៉ាងណាទៅហើយ។ លោកអ្នកអាចវាយលេខទីតាំងនេះ នៅក្នុង Google Maps 38.248966, -122.410269 ។






បញ្ចេញមតិយោបល់